គណបក្ស សង្គ្រោះជាតិ ប្រកាសរំសាយ មហាបាតុកម្ម នៅវេលាម៉ោង ១១ ព្រឹកថ្ងៃនេះ


-លោក សម រង្ស៊ី ប្រកាសបន្តធ្វើ មហាបាតុកម្ម រហូតមានដំណោះស្រាយ ដែលអាចទទួលយកបាន បើទោះបី គ.ជ.ប ប្រកាសលទ្ធផល នៅថ្ងៃស្អែកក៏ដោយ
ភ្នំពេញ ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសរំសាយមហាបាតុកម្ម អហិង្សានៅ ទីលានប្រជាធិបតេយ្យ វេលាម៉ោង ១១ព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ ដោយគោរពតាម ពាក្យសន្យា និងការប្រកាស ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថាមិនដង្ហែក្បួនចេញពីទីលានឆ្ពោះ នៅតាមបណ្តាផ្លូវ និងទីកន្លែងផ្សេងៗនោះ ឡើយ។
នៅចំពោះមុខក្រុមបាតុកម្ម ដែលចូលរួម ជាង ១ម៉ឺននាក់ លោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសធ្វើ មហាបាតុកម្មអហិង្សាបន្តទៀត រហូតដល់មានដំណោះស្រាយមួយ ដែលពួកគេ អាចទទួលយកបាន ជាពិសេស ការបង្កើតគណៈកម្មការឯករាជ្យ ដើម្បីដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត ។
មេដឹកនាំទាំងពីរ បានប្រកាសទៅក្រុមបាតុករទៀតថា ពួកគេមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតដែល ត្រូវប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ស្អែកនោះទេ ។
លោក សម រង្ស៊ី បាននិយាយថា មហាបាតុកម្ម និងអង្គុយនៅទៅលានប្រជាធិបតេយ្យ នឹងធ្វើរហូតលុះត្រាតែ មានដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលពួកគេអាចទទួលយកបាន។
ជារួមមហាបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ ជាលើកទី១ នេះ បានប្រព្រឹត្តទៅដោយរលូន ហើយក៏ពុំ មានការប៉ះទង្គិច រវាងក្រុមបាតុករ និងសមត្ថកិច្ចដែរ ។ ក្រោយពីប្រកាសរំសាយ មហាបាតុកម្ម ក្រុមបាតុករទាំង អស់ ក្នុងនោះអ្នកមកពីតាមខេត្តជាច្រើន បានត្រឡប់ទៅវិញ ជាបណ្តើរៗ ត្រៀមចូលរួមមហាបាតុកម្មលើក ក្រោយទៀត នៅពេលគណបក្ស សង្គ្រោះជាតិ ប្រកាសឲ្យធ្វើ ។
លោក កឹម សុខា ក៏បានចោទប្រកាន់ដល់អាជ្ញាធរ និងសមត្ថកិច្ច ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ នៅរាជធានីភ្នំពេញ រារាំងមិនឲ្យសកម្មជនរបស់ពួកគេ ចូលរួមធ្វើមហាបាតុកម្ម នៅថ្ងៃទី០៧ ខែកញ្ញា នេះ ប៉ុន្តែការដាក់ប៉ុស្តិ៍ត្រួត ពិនិត្យនេះ ធ្វើឡើងដោយគ្រាន់តែការពារអាវុធជាតិផ្ទុះប៉ុណ្ណោះ៕










ប្រភពពី នឹង​ រូបភាព​ពី៖ ដើមអំពិល

0 comments:

Blogger Widgets