គណបក្ស សង្គ្រោះជាតិ ស្នើសុំព្រះមហាក្សត្រ រៀបចំការជួបគ្នារវាង ថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ


អ្នកចូលរួមមហាបាតុកម្មអហិង្សា ប្រមាណជាង ១ម៉ឺននាក់ 

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ បានប្រកាស និងសុំឲ្យព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងមកប្រទេសកម្ពុជាឲ្យបានឆាប់ ហើយរៀបចំជំនួបកំពូលនៃគណបក្សទាំងពីរ ដើម្បី ដោះស្រាយបញ្ហា ដែលកំពុងកើតមានឡើង ទាក់ទងនឹងលទ្ធផល នៃការបោះឆ្នោតនេះ។

ការប្រកាសរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឡើងក្នុងមហាបាតុកម្មអហិង្សា ព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមទាំងអស់ជាង ១ម៉ឺននាក់ មកពីតាមបណ្តាខេត្តផងដែរ។
មហាបាតុកម្មអហិង្សានេះ ដឹកនាំដោយផ្ទាល់ពីសំណាក់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់គណបក្ស អង្គការ សង្គមស៊ីវិល តំណាង ព្រះសង្ឃកម្ពុជាក្រោម តំណាងភូមិបឹងកក់ តំណាងអ្នកកាន់សាសនាយាយស៊ូ និង តំណាងអ្នកកាន់សាសនាឥស្លាម។
លោក គង់ គាំ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទទូចឲ្យព្រះមហាក្សត្រឆាប់ត្រឡប់មកប្រទេស កម្ពុជាវិញ ហើយមានព្រះរាជតួនាទីរៀបចំការជួបគ្នានៃមេដឹកនាំកំពូល គណបក្សទាំងពីរ ដើម្បីដោះស្រាយ មិនប្រក្រតី នៃការបោះឆ្នោត ។
លោក គង់ គាំ បានចាត់ទុកថា ទាំងគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នមិនឯករាជ្យ និងអយុត្តិធម៌ ។ សម្រាប់ មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រកាសទៅក្រុម បាតុករឲ្យពន្យាពេល នៃការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ហើយពួកគេប្រកាសថា នឹងមិន ទទួលស្គាល់លទ្ធផលនេះឡើយ ។ សម្រាប់សមត្ថកិច្ចវិញ នៅជុំវិញកន្លែងធ្វើមហាបាតុកម្ម បានដាក់ពង្រាយជាច្រើននាក់ ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់ ចៀសវាងមានអំពើហិង្សាណាមួយ កើតឡើងដែលគិតស្មានមិនដល់ ៕





ប្រភព នឹង រូបភាព​ពី៖ ដើមអំពិល

0 comments:

Blogger Widgets