U-21កម្ពុជា ទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារ មុនបញ្ចប់ការប្រកួតពាន ស្ដេចប្រ៊ុយណេ

ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម២១ឆ្នាំ កម្ពុជានឹងទទួលបានប្រាក់រង្វាន់ ៤ពាន់ដុល្លារអាម៉េរិក ពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) មុននឹងបញ្ចប់យុទ្ធនា ការប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់ Hassanal Bolkiah Trophy 2014 របស់ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេនោះ ។
ស្របពេលក្រុម U-21កម្ពុជា បាននឹងកំពុងចូលរួមក្នុងយុទ្ធនា ការប្រកួតបាល់ទាត់ពានរង្វាន់ស្ដេចប្រ៊ុយណេ យ៉ាងស្វិតស្វាញនោះ កាលពីថ្ងៃទី១៣ ខែសីហានោះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីប្រកាស មួយទាក់ទងនឹងធនាគារ BIDC បានសម្រេចចិត្តឧបត្ថម្ភដល់ក្រុម U-21កម្ពុជានូវទឹកប្រាក់ ២.០០០ដុល្លារ ក្នុងការដណ្ដើមបានជ័យជំនះ ១ប្រកួត ដើម្បីលើកទឹកចិត្តដល់កីឡាករ ក៏ដូចជាការផ្ដល់ភាពកក់ក្ដៅ សម្រាប់ពេលក្រោយទៀតផងដែរ ។
ដោយឆ្លងកាត់ការប្រកួតសន្សំពិន្ទុវិលជុំក្នុងពូល B ចំនួន៣ប្រកួតកន្លងទៅក្រុម U-21កម្ពុជា ឈ្នះ២ (ឈ្នះក្រុមម្ចាស់ផ្ទះ U-21ប្រ៊ុយណេ ១-០ និងឈ្នះក្រុម U-21សិង្ហបុរី ៣-១ មុនចាញ់១ប្រកួតក្រោមថ្វីជើង ក្រុមម៉ាឡេស៊ី ១-០ ទាំងប្រផិតប្រផើយនោះ ដូច្នេះពេលនេះធនាគារ BIDC បានត្រៀមលុយ៤ពាន់ដុល្លារ រួចជាស្រេចហើយសម្រាប់ ឧបត្ថម្ភដល់ក្រុម U-21កម្ពុជានោះ ។ ប៉ុន្ដែយ៉ាងណាការចំណាយនេះ អាចនឹងមិនបញ្ចប់ ត្រឹមនេះឡើយ ព្រោះក្រុម U-21កម្ពុជានៅសល់ ២ប្រកួតទៀតសម្រាប់ ការប្រកួតជម្រុះក្នុងពូល B ហើយមានសំណាងនោះ U-21កម្ពុជា នឹងបានឡើងទៅលេងវគ្គបន្ដ ទៀតក៏ថាបាន ។
ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡា បាល់ទាត់កម្ពុជាបានឲ្យដឹងថា “ការឧបតម្ថម្ភរបស់ធនាគារ BIDC នេះគឺដើម្បីជំរុញ លើកទឹកចិត្តដល់កីឡាករ U-21កម្ពុជាយើង ហើយក៏ជាស្មារតីសាមគ្គី ក្នុងនាមដៃគូជាមួយសហព័ន្ធ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែបោះជំហាន ទៅមុខទាំងលើឆាកជាតិ និងអន្ដរជាតិផងដែរ” ។
គួរបញ្ជាក់ថា សម្រាប់២ប្រកួត ដែលនៅសល់សម្រាប់ការប្រកួតជម្រុះ ក្នុងពូល B គឺនៅថ្ងៃទី១៦ ខែសីហានេះក្រុម U-21កម្ពុជា ត្រូវជួបជាមួយក្រុម U-21ឥណ្ឌូនេស៊ី និងនៅថ្ងៃទី១៨ ខែដដែលទើបត្រូវជួបជាមួយក្រុមខ្លាំង U-21វៀតណាម ៕
 

0 comments:

Blogger Widgets