ស្រលាញ់​គ្នា​ជិត​កន្លះ​ឆ្នាំ ​នាំ​គ្នា​ដើរ​លេង​បាត់​ម៉ូតូ​មួយ​គ្រឿង​ ទាស់​គ្នា​ផ្ទុះ​ហិង្សា​


រាជធានីភ្នំពេញ ៖ គូសង្សារថ្មោងថ្មីមួយគូរ ដែលស្រឡាញ់គ្នាស្ម័គ្រស្មោះ រហូតសម្រេចចិត្តរួមរស់ជាមួយគ្នា បានរយៈពេលជិតកន្លះឆ្នាំមកហើយនោះ ពេលនេះបានឈានដល់ផ្លូវបំបែក បន្ទាប់ពីអ្នកទាំង២ បានបបួលគ្នាទៅអង្គុយសាសង នៅសួនកម្សាន្តកោះ ពេជ្រកាលពីយប់ថ្ងៃទី២៨ សីហា ២០១៣ ហើយត្រូវចោរលួចម៉ូតូទៅបាត់។
លុះនៅព្រឹកថ្ងៃទី២៩ សីហា ២០១៣ ពួកគេបានឈ្លោះទាស់ទែងគ្នារហូតប្រើហិង្សា ដោយភាគីខាងបុរសបានវាយទៅលើនារីជាសង្សារ នៅកន្លែងធ្វើការរបស់ ខ្លួនស្ថិតក្នុងផ្សារបឹងត្របែកផ្លាហ្សា។
តាមប្រភពបានឱ្យដឹងថា បុរសជាសង្សារត្រូវគេស្គាល់ឈ្មោះជា កុសល អាយុ៣០ឆ្នាំ ជាជាងកាត់សក់នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកនារីជាសង្សារឈ្មោះសំ រីណា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា ។ ក្រោយពីកើតមានហិង្សាភ្លាមៗ នគរបាលប៉ុស្តិ៍បឹងត្របែកបានចុះអន្តរាគមន៍ឃាត់ខ្លួនគូសង្សារទាំង ២នាក់យកមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ និងធ្វើការអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះវិញ។
តាមការរៀបរាប់របស់បុរសឈ្មោះជា កុសល បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យទៅជាហិង្សានេះដោយសារខ្លួនមានការសង្ស័យលើ នារីជាសង្សារថា បានបើកដៃឱ្យចោរលួចម៉ូតូរបស់ខ្លួននៅកោះពេជ្រ ប៉ុន្តែភាគីខាងនារីបានបសិសេធថា មិនមានគំនិតធ្វើដូច្នោះឡើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Blogger Widgets