ជិះម៉ូតូមកស្ទាក់ កាប់របួសពីរនាក់ សមត្ថកិច្ច និងប្រជាពលរដ្ឋ ព័ទ្ធចាប់ជន សង្ស័យបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ប្រដាប់ដោយកាំបិតបុ័ងតោ និងបំពង់ទីប បានជិះម៉ូតូមកពួនស្ទាក់ កាប់ប្រហារទៅលើជនរងគ្រោះ ២នាក់ កំពុងជិះម៉ូតូមិនដឹងខ្លួន បណ្តាលឲ្យរងរបួសទាំង ២នាក់ កាលពីវេលាម៉ោង ៧៖៣០នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងអំពើកាប់ប្រហារនោះ ១-ឈ្មោះ ស៊ីម ផាន់ណា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពោធិ៍មាស ឃុំពោធិ៍មាស ស្រុកអូររាំងឪ ខេត្តកំពង់ចាម រងរបួសជើងស្តាំ ២-ឈ្មោះ វឿន ប៊ុនណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិ អូរតាវ៉ាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសជើងសងខាង ។ ចំណែកជនសង្ស័យ ដែលប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចចាប់បាន ឈ្មោះ ចាន់ កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅក្នុងយានដ្ឋាន ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដោយឡែកបក្ខពួក ២នាក់ផ្សេងទៀត រត់គេចខ្លួនបាត់ ។
ជនរងគ្រោះ បាននិយាយប្រាប់ សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេ២នាក់ បានធ្វើដំណើរ តាមម៉ូតូមួយគ្រឿង ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AL-0798 ជិះឌុបគ្នា ពីជើងទៅត្បូង លុះជិះដល់ខាងត្បូងក្បែររង្វង់មូលចោមចៅ ស្រាប់តែឃើញយុវជនមួយក្រុមមាន គ្នា៣នាក់ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច មិនចាំស្លាកលេខ ឈប់ពីមុខ ដោយដៃមានកាន់កាំបិត និងបំពង់ទីប ចាំនៅចិញ្ចើម ផ្លូវ បានធ្វើសកម្មភាព គប់កាំបិតបុ័ងតោ ត្រូវចំជើងអ្នកបើកម៉ូតូ ហើយជន បង្កជិះម៉ូតូដេញតាមវាយ រហូតបានចំងាយប្រមាញ៣០០ម៉ែត្រ ជនរងគ្រោះផ្តួលម៉ូតូ រត់ស្រែកឲ្យគេឯងជួយ ។ ភ្លាមៗ ត្រូវបាន កំលាំងល្បាត របស់អធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ទៅអន្តរាគមន៍ និងឃាត់ខ្លួនជនបង្កបានម្នាក់ ប្រគល់ឲ្យប៉ុស្តិ៍ ចោមចៅ នាំទៅសួរនាំ ចំណែក២នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់  ។
 ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការសាកសួរ ទាំងជនរងគ្រោះ និងជនបង្ក នៅប៉ុស្តិ៍ចោមចៅ  រួចហើយជន បង្ក ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ខណ្ឌ ពោធិ៍សែនេជ័យ ដើម្បីចាត់ការបន្តទៀត ៕

0 comments:

Blogger Widgets