ប្រភព​ពី WSJ «Apple កំពុង​តែ​សាកល្បង​ទូរស័ព្ទទំនើប​អេក្រង់ 6-inch» (video)


ដូច​​អ្វី​ដែល​ប្រិយមិត្ត​​បាន​ដឹង​ហើយ​ថា​បច្ចុប្បន្ន​នេះ​ ទូរស័ព្ទទំនើប​ប្រភេទ​អេក្រង់ធំៗ​ (ចាប់​ពី 5-inch ឡើង​ទៅ) ឬ គេ​ឲ្យ​ឈ្មោះ​ថា​ “Phablet” កំពុង​តែ​ទទួល​បាន​ការ​​និយម​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​ ទូរស័ព្ទទំនើប ។ ក្រុមហ៊ុន​ដែល​បាន​នាំ​មុខ​គេ​លើ​ទីផ្សារ​ទូរស័ព្ទទំនើប​ប្រភេទ​ Phablet នោះ​គឺ​ក្រុមហ៊ុន​ Samsung ​ព្រោះ​ថា​ក្រុមហ៊ុន​មួយ​នេះ​ហាក់ទទួល​បាន​ជោគជ័យ​ច្រើន​តាមរយៈ​ការ​បញ្ចេញ​ជា​បន្តបន្ទាប់​នូវ​ទូរស័ព្ទទំនើបស៊េរី Galaxy Note ។
ដោយឡែក​សម្រាប់​ឆ្នាំ២០១៣ នេះ​មាន​ក្រុមហ៊ុន​​មួយ​ចំនួន​ទៀត​​បាន​បញ្ចេញ និង​​ក្រុមហ៊ុន​ផ្សេង​ទៀត​​ក៏​កំពុង​តែ​ត្រៀ​​ម​នឹង​​ប្រកាស​ ចេញទូរស័ព្ទទំនើប​ ប្រភេទ​ Phablet នេះ​ដែរ ។ បើ​និយាយ​​ពី​ក្រុមហ៊ុន​​​ធំៗ​ដែល​មិនទាន់​បាន​បញ្ចេញ​ទូរស័ព្ទទំនើប​ ប្រភេទ​ Phablet នោះ​មាន​ដូច​ជា៖ Apple និង Nokia ជា​ដើម ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ធ្លាប់​មាន​​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា​ ក្រុមហ៊ុន​ទាំង​នេះ​កំពុង​តែ​មមាញឹក្នុង​ការងារ​រចនា​ ផលិត​ និង​​​ត្រៀម​ចេញ​ប្រភេទ​ Phablet រៀងៗ​ខ្លួន​ ។ ជាក់ស្ដែង​កាល​ពី​​ចុង​ខែកក្កដា ​ប្រភព​ពី WSJ បាន​រាយការណ៍​ថា​ «Apple ធ្វើ​ការ​សាកល្បង​អេក្រង់​ទំហំ​ធំ​ៗ​សម្រាប់​ iPhones និង iPads» មួយ​វិញ​ទៀត​កាល​ពី​ដើម​ខែមិថុនា​ ឯនោះ​វិញ​​ប្រភព​ពី​ Reuters ក៏​បាន​ឲ្យ​ដឹង​ថា​ដែរ​ថា​ “Apple ពិចារណា​លើ​គម្រោង​ផលិត​ iPhones 4.7 & 5.7-inch និង​ iPhone​ តម្លៃ $99″ 
ជា​ថ្មី​ម្ដង​ទៀត​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ប្រភព​ពី​គេហទំព័រ WSJ បាន​អះអាង​ថា​ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការសាល្បង​ទៅ​លើ​ទូរស័ព្ទទំនើប​​ខែ្សស្រឡាយ iPhones ដែល​មាន​​ទំហំ​អេក្រង់​​ពី 4.8-inch រហូត​ដល់​ទៅ​ 6-inch ឯណោះ គឺ​ធំ​ជាង​ទូរស័ព្ទទំនើប Galaxy Note 3 (5.7-inch) ដែល​​ទើប​តែ​ត្រូវ​បាន​ប្រកាស​ចេញ​ទៅ​ទៀត ។ សូម​បញ្ជាក់​ថា​ភព​ពី​មនុស្ស​ដែល​គៀក​ទៅ​នឹង​​គម្រោង​របស់​ Apple នោះ​ ក៏​បាន​បន្ថែម​ដែរ​​ថា​ទូរស័ព្ទទំនើប​ iPhones ចំនួន​ពី​រម៉ូដែល​ ដែល​ Apple ត្រៀម​នឹង​បញ្ចេញ​នៅ​ក្នុង​សប្ដាហ៍​ក្រោយ​នេះ​គឺ​មិន​មាន​ការ​​កែប្រែទំហំ​ អេក្រង់​នោះ​ទេ ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ Apple មិន​បាន​បញ្ចេញ​មតិ​អ្វី​ទេ​​ទាក់ទង​នឹង​ចំនុច​នេះ ។ កាល​ពី​ឆ្នាំ​​២០១២ ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​ iPhone 5 ដែល​មាន​អេក្រង់​ធំ​ជាង​ម៉ូដែល​​មុនៗ​បន្តិច ប៉ុន្តែ​អ្នក​វិភាគ​បាន​​មាន​ប្រសាសន៍​ថា ការ​ប្តូរ​ទំហំ​អេក្រង់​​តែ​មួយ​មុខ​នោះ​មិន​​គ្រប់គ្រាន់​ទេ អ្វី​ដែល​ក្រុមហ៊ុន​ត្រូវ​​ធ្វើ​ការ​កែត្រូវ​​មួយ​ទៀត​នោះ​គឺ​ តម្លៃ ។
បើ​យោង​តាម​កា​អះអាង​របស់​ប្រភព​ខាង​លើ​ និង​ ​សម្ដី​របស់​អ្នក​វិភាគ​នោះ​ ក្រុមហ៊ុន​ Apple ប្រាកដ​ជា​នឹង​ផលិត​ទូរស័ព្ទទំនើប​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ទំហំ​ និង​ តម្លៃ​ ផ្សេងៗ​គ្នា ។ សម្រាប់ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទូរស័ព្ទទំនើប​ជំនាន់​ថ្មី​របស់​ Apple សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕

ខាង​ក្រោម​នេះ​ជា​គំរូ​ iPhones អេក្រង់ធំៗ​៖





ប្រភពពី៖ពពក

0 comments:

Blogger Widgets